ទម្លាប់តែចុចទូរស័ព្ទមុនចូលគេង អោយតែបានអូសចុះអូសឡើងមួយសន្ទុះក៏អស់ចិត្តដែរ មែនអត់គ្នាយើង? ទម្លាប់បែបនេះបានកើតឡើងជារឿយៗ ដោយអ្នកទាំងអស់គ្នាមិនបានចាប់អារម្មណ៍ថាវាមានផលអវិជ្ជមានបែបណាចំពោះរាងកាយនោះឡើយ។
តើយើងគួរតែបន្តអនុវត្តទម្លាប់នេះទៀតទេ? តាមការស្រាវជ្រាវបានឲ្យដឹងថា ពន្លឺពណ៍ខៀវដែលបញ្ចាំងចេញពីអេក្រង់ទូរស័ព្ទអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ភ្នែក និងខួរក្បាលអ្នកថែមទៀតផង។
សូម្បីការចុចទូរស័ព្ទតែមួយភ្លែតក៏អាចរំញោចខួរក្បាលអ្នកអោយស្វាងបានដែរ វាបានបង្កអោយមានជំងឺគេងមិនលក់ ព្រោះតែការទាក់ទងគ្នារវាងកម្រិតជាតិ Melatonin ដែលត្រូវបានរងការប៉ះពាល់នឹងពន្លឺពណ៌ខៀវ។ Melatonin គឺជាអរម៉ូនដែលមានតួនាទីក្នុងការគ្រប់គ្រងវដ្តនៃការគេងរបស់អ្នក។ ដូច្នេះនៅពេលដែលរាងកាយរបស់អ្នកមានកំរិត Melatoninទាប អ្នកអាចជួបប្រទះនឹងការគេងមិនលក់ អស់កម្លាំងនៅពេលថ្ងៃ និងឆាប់ខឹង។
តែកុំបារម្ភអី អ្នកទាំងអស់គ្នាអាចកែប្រែទម្លាប់មិនល្អនេះបាន ដោយជំនួសនូវទម្លាប់ល្អៗទាំង៦ ខាងក្រោមវិញណា:
1.ងូតទឹកសម្អាតកាយ
មកពីធ្វើការនឿយហត់ហើយមែនទេ? ខ្លួនកង្វក់ បែកញើស ធូលីស្អិតពេញខ្លួនធ្វើអោយអ្នកកាន់តែហត់និងមួម៉ៅ គិតអីមិនចេញ ស្មុគណាស់ ចឹងកុំអាលតម្រេកខ្លួនគេង សាកទៅងូតទឹកសម្អាតខ្លួនជាមួយសាប៊ូក្រអូបៗវិញម្តងមើល! កក់សក់បណ្តើរ បង្ហើរសំនៀងដ៏ល្អឆ្វាចរបស់អ្នកទៅកាន់អ្នកជិតខាងបណ្តើរ ជូនជាកាដូបែប solo mini concert ប្រាកដជាបង្កើតនូវបរិយាយកាសមួយដែលអ្នកមិនអាចបំភ្លេចបាន (ដល់ម្លឹងផង សូមបញ្ជាក់ថាបើធ្វើបាន admin សរសើរ តែបើមានបញ្ហាយើងមិនដែលស្គាល់គ្នាទេ អូខេ )ការធ្វើដូចនេះអាចកាត់បន្ថយភាពតានតឹងដែលអ្នកមានពេញមួយថ្ងៃមកនោះអោយធូរស្បើយបានមួយកំរិត។ អ្នកនឹងសង្កេតឃើញថា ដូចជាមានអារម្មណ៏ល្អឡើងវិញ ហើយស្រស់ស្រាយជាងមុន។ នេះក៏ព្រោះតែការងូតទឹកជួយបន្ថយកម្តៅនៅក្នុងខ្លួនអ្នក ហើយវាបានបញ្ចូនសញ្ញាទៅកាន់ខួរក្បាលថា ដល់ពេលសម្រាកហើយ។ Admin សុំណែនាំអោយងូតទឹកក្តៅអ៊ុនៗ មុនចូលគេង ហើយងូតទឹកត្រជាក់ក្រោយភ្ញាក់ពីគេងណា។
2.ផឹកទឹកតែមួយកែវមុនចូលគេង
តើអ្នកណាខ្លះជាកង្ហាររបស់ "តែ"? សម្រាប់ admin វិញបើអោយជ្រើសរើសតែឬកាហ្វេនោះ ប្រាកដជារើសយក boba ហើយ។អាស ច្រលំមាត់ឆ្លើយលឿនពេក ភ្លេចគិត (តែដូចតែគ្នាសោះ?ហិហិ)។ តាមពិតទៅគ្មានអ្វីល្អជាងការផឹកទឹកតែក្តៅអ៊ុនៗនោះទេជាពិសេស Chamomile tea។ Admin មិនដឹងថាបកខ្មែរថាម៉េច ដឹងតែផ្កានោះពណ៏ស ស្នូលកណ្តាលឬហៅថាក្បាលវានោះពណ៏លឿង ស្រដៀងផ្កា daisy ដែរ។ តែចំពោះផ្កា chamomile នេះគេដាំភាគច្រើនដើម្បីយកធ្វើជាតែ។ តែប្រភេទនេះមានសារៈប្រយោជន៍ណាស់ចំពោះសុខភាព ព្រោះវាជួយកាត់បន្ថយការឈឺចុកចាប់ពេលមករដូវ កាត់បន្ថយជាតិស្ករ ដូចជាជំងឺទឹកនោមផ្អែម ការពារពីជំងឺពុកឆ្អឹង ជួយបន្សាបអាស៊ីតក្រពះ ប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីក ព្យាបាលគ្រុនផ្តាសាយ និងជម្ងឺសើស្បែកមួយចំនួន ដូចជាកន្ទួល រមាស់ជាដើម។ ដើម្បីអោយគេងលក់ស្រួល Admin សុំណែនាំអោយផឹកមួយកែវមុនចូលគេងណា។ បើអស់តែ ឬមិនចេះនោះ អាចប្តូរមកជាការផឹកទឹកក្តៅអ៊ុនៗវិញក៏បាន។
3.ស្តាប់តន្រ្តី
ធ្លាប់លឺអត់ តន្រ្តីនឹងធ្វើអោយអ្នករាំ? ជាការពិតណាស់ តន្រ្តីគឺជាឪសថផ្តល់ថាមពលផ្លូវចិត្ត និងជាកំលាំងចិត្តនៅពេលគ្មាននរណាម្នាក់ជឿថាអ្នកចេះ from the top, make it drop that's some *mute* តាមការស្រាវជ្រាវ តន្ត្រីបញ្ចេញសារធាតុគីមីនៅក្នុងខួរក្បាលរបស់អ្នកដែលមានឈ្មោះថាដូប៉ាមីន ដែលធ្វើអោយអារម្មណ៍របស់អ្នកមានភាពប្រសើរឡើងនិងកាត់បន្ថយការតប់ប្រមល់របស់អ្នករួចវាក៏បានផលិតអរម៉ូន cortisol អាចជួយកាត់បន្ថយស្ត្រេសផងដែរ។ ដូច្នេះហើយ ទើបនៅពេលអ្នកស្តាប់តន្រ្តី វាធ្វើអោយអ្នកមានអារម្មណ៍ល្អ រីករាយនិងជម្រុញលើកទឹកចិត្តអ្នកបាន។ Admin សុំណែនាំអោយស្តាប់ភ្លេងបែបយឺតៗ បញ្ជាក់: តែភ្លេងសុទ្ធ គ្មានសម្លេងច្រៀងដូចជាសម្លេងព្យាណូស្រាលៗ សម្លេងធម្មជាតិ ទឹកភ្លៀង ទឹកសមុទ្រ សត្វយំ ជាដើម ពីព្រោះសម្លេងទាំងនេះនឹងធ្វើអោយអារម្មណ៍អ្នកស្ងប់ គេងលក់សុបិន្តល្អ ឈ្នះអស់មារសត្រូវ។
4.អានសៀវភៅ
បន្ទាប់ពីស្តាប់ចម្រៀងរួច អាចប្តូរបរិយាកាសអ្នកមកអានសៀវភៅវិញក៏បាន។ ខានអានសៀវភៅយូរហើយ ឆ្លៀតឪកាសនេះអានម្តងមើលឈប់ទំលាក់លេខ ទំលាក់ទីតាំង ឈប់ស៊ែរមីមី ឈប់មើលមុខប៉ាង ព្រោះរបស់អស់នឹងគ្មានជួយអីអ្នកទេ ចំនេះដឹងបានជាទ្រព្យ *ស្រមុកខុល* Admin យល់ថាការចាប់ផ្តើមរឿងនេះអាចពិបាកសម្រាប់អ្នកខ្លះ តែមិនជាបញ្ហាទៀតឡើយ អ្នកទាំងអស់គ្នាសាកជ្រើសរើសសៀវភៅដែលអ្នកគិតថាងាយស្រួលអាន ងាយស្រួលយល់ ត្រូវកម្រិតចំណេះដឹង តាមសមត្ថភាពអ្នក អាចជាប្រភេទអ្វីក៏បាន អោយតែចូលចិត្ត ព្រោះនេះជាការអានកំសាន្ត មិនមែនមើលមេរៀនមុនប្រលងទេ។ (តែសូមកុំអានរឿងខ្មោច រឿងឃាតកម្មអីណា ខ្លាចគេងមិនលក់ ថាAdmin មិនបានប្រាប់) ការអានសៀវភៅមុនចូលគេងដើរតួយ៉ាងសំខាន់ក្នុងការបង្វែរការគិតក៏ដូចជាខួរក្បាលអ្នកអោយចាប់អារម្មណ៏នឹងព័ត៌មានថ្មី ឬរឿងរ៉ាវរបស់នរណាម្នាក់រហូតដល់អ្នកភ្លេចពីបញ្ហាផ្ទាល់ខ្លួន។ កត្តានេះហើយ ដែលជួយសម្រួលសាច់ដុំ និងភាពតានតឹង។ បន្ថែមពីលើនឹងទៀត វាជាវិធីសាស្រ្តជម្រុញឲ្យប្រព័ន្ធប្រសាទដំណើរការល្អ គេងលក់ស្រួល ហើយភ្ញាក់ឡើងមានអារម្មណ៍ស្រស់ស្រាយទៀតផង។
5.ការធ្វើសមាធិ
ក្តៅក្រហាយណាស់ លុយមិនដែលចាយសោះ ម្ត៉េចបាត់អស់ លុយមានជើងមែន? ឈប់ៗ រង្ងាប់អារម្មណ៍ ដកដង្ហើមមួយៗ ហើយរៀបចំខ្លួនឡើងឋានសួគ៍។ អេ គិតដល់ណាហើយ? Admin សំដៅលើ meditation នោះអី អ្នកដែលធ្លាប់ធ្វើសមាធិទើបយល់ ។ បើចង់ដឹងcomment 168 មកចាំAdmin ប្រាប់។ និយាយលេងទេ ប្រាប់ក៏បាន តោះ សម្រាប់អ្នកចាប់ផ្តើមដំបូងអាចអនុវត្តតាម៣ជំហាននេះ
១. អង្គុយពែនភ្នែក ដាក់ដៃទាំង២លើជង្គង់ ឬដម្រេកខ្លួនលើគ្រែ ធ្វើម៉េចក៏បានអោយតែស្រួល
២. បិទភ្នែក រួចដកដង្ហើមចេញ ចូល មួយៗ វែងៗ
៣. ស្រមៃរឿងល្អៗដែលអ្នកចង់អោយកើតឡើង ឬ រំលឹកអនុស្សាវរីយ៍ល្អៗពីអតីតកាលរបស់អ្នក នៅវិនាទីនេះអ្នកអាចគ្រប់គ្រងចិត្តអ្នកបាន អោយគិតតែវិជ្ជមាន ឧទាហរណ៍ ស្រមៃថា crush សារភាពស្នេហ៍ដាក់អ្នក?ដើរៗរើសបាន ១០០០ ដុល្លារ គូព្រេងធ្លាក់ចុះពីលើមេឃ បានជួប lee minho អីចឹងទៅ ទោះវាមិនអាចទៅរួចក៏អាចធ្វើអោយអ្នកសប្បាយចិត្តមួយគ្រាដែរ មែនអត់? ការធ្វើដូចនេះរៀងរាល់ថ្ងៃ ដោយចំណាយពេលចន្លោះពី ៥ ទៅ ១០ នាទីនោះ ជីវិតរបស់អ្នកនឹងពោរពេញដោយភាពសុទិដ្ឋិនិយម។ មូលហេតុក៏ព្រោះតែ ការធ្វើសមាធិ អាចជួយព្យាបាលសុភាពផ្លូវចិត្ត ជួយកាត់បន្ថយអាការះឆាប់ភ្លេចភ្លាំង ការពារសម្ពាធឈាមឡើងខ្ពស់ បង្កើនការផ្តោតអារម្មណ៍ឲ្យកាន់តែប្រសើរឡើង។ វិធីនេះពិតជាងាយស្រួលមែនទែន លោកអ្នកអាចអនុវត្តន៍នៅទីកន្លែងណាក៏បាន អោយតែស្ងាត់ងាយស្រួលផ្ចង់អារម្មណ៍។
6.ចូលគេងឲ្យបានមុនម៉ោង 12am
1 more episode! only one more! ចុម ម៉ោង៥ភ្លឺបាត់ អត់ទាន់បានដេកផង។ កុំចឹងអីអ្នកអើយ អានិតរូបរាងអ្នកផង គ្នាក៏ត្រូវការសម្រាកដែរ។ ការចូលគេងយប់ជ្រៅពេក អាចបំផ្លាញសុខភាពអ្នកដោយមិនដឹងខ្លួន រួមមាន ប្រព័ន្ធភាពសាំុរបស់អ្នកចុះខ្សោយ ចំណង់ផ្លូវភេទក៏ធ្លាក់ចុះ ឡើងទំងន់ បង្កអោយមានជំងឺគិតច្រើន ឆាប់ភ្លេច ប្រឈមមុខនឹងជំងឺទឹកនោមផ្អែម និងជំងឺមហារីកជាដើម។ ចំណែកឯស្បែកអ្នកវិញ មានលក្ខណៈស្រអាប់ ក្រៀម គ្មានសំណើម ហើយបង្កឲ្យចេញមុនថែមទៀតផង។ ការចូលគេងមុនម៉ោង ១២ យប់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជារយៈពេលដ៏មានឥទ្ធិពលបំផុតដែលរាងកាយអ្នកត្រូវបានបំពេញនិងជួសជុលឡើងវិញទាំងផ្លូវកាយនិងផ្លូវចិត្ត។ តើអ្នកដែលឆ្ងល់ទេថាសុខៗងងុយគេង? នេះដោយសារចង្វាក់ circadian របស់អ្នកគឺជាវដ្ត 24 ម៉ោងដែលកើតឡើងនៅក្នុងដំណើរការសរីរវិទ្យានៃភាវៈរស់។ វាមិនត្រឹមតែភ្ជាប់ជាមួយរាងកាយមនុស្សទេ សូម្បីរុក្ខជាតិ សត្វនិងផ្សិតក៏មានវាដែរ។ ចង្វាក់ Circadian មាននៅគ្រប់កោសិកាទាំងអស់នៅក្នុងខ្លួននិងជួយកំណត់លំនាំដំណេកដោយកំណត់លំហូរអរម៉ូននិងដំណើរការជីវសាស្ត្រផ្សេងៗទៀត។ ពួកវាត្រូវបានគ្រប់គ្រងដោយនាឡិកាខាងក្នុងនៃរាងកាយនិងបានទទួលឥទ្ធិពលពីកត្តាបរិស្ថានដូចជាពន្លឺនិងសីតុណ្ហភាពដែលជាហេតុធ្វើឱ្យរាងកាយរបស់អ្នកដឹងថាដល់ពេលណាដែលត្រូវគេងនិងពេលណាដែលត្រូវភ្ញាក់។
បន្ទាប់ពីបានអាចនូវអត្ថបទនឹងការណែនាំដោយការប្រើប្រាស់វិធីសាស្ត្រទាំង៦រួចមកខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធ្វើបានចាប់ពីវេលានេះ។