ប៉ាម៉ាក់វ័យឆ្លាត!!ដោះស្រាយជាមួយកូនញៀនទូរស័ព្ទនិងអាយផេត
ឪពុកម្តាយគ្រប់រូបតែងតែចង់ឲ្យកូនធំធាត់ មានសុខភាពល្អ និងមានប្រាជ្ញាឈ្លាសវៃ។ ទន្ទឹមនឹងនេះផងដែរ ក៏មានឪពុកម្តាយភាគច្រើនមិនចាប់អារម្មណ៏ហើយមើលរំលងនូវចំណុចមួយ នោះគឺការបណ្តោយកូនអោយប្រើប្រាស់ទូរស័ព្ទ iPad ទូរទស្សន៍ និង វីដេអូហ្គេមលើសកំណត់។ វ័យកុមារភាព គឺជាវ័យមួយដែលពោរពេញដោយការចងចាំល្អៗ អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននោះ នឹងក្លាយជាមេរៀនសម្រាប់ថ្ងៃអនាគត។ ដូច្នេះហើយក្នុងនាមអ្នកជាឪពុកម្តាយ គួរតែបើកបង្ហាញផ្លូវក៏ដូចជាតម្រង់ទិសដៅកូនរបស់អ្នកចាប់ពីពេលនេះតទៅ។
១ ធ្វើជាគំរូដល់កូនៗ
ឧទាហរណ៍បើឪពុកម្តាយកំពុងចុចទូរស័ព្ទ ហើយប្រាប់កូនថាកុំចុចតាមតើកូនស្តាប់អត់? ជាទូទៅក្មេងមិនសូវស្តាប់សម្តីឪពុកម្តាយទេ ប៉ុន្តែពួកគេតែងតែចាំសង្កេតសកម្មភាពអ្នកជានិច្ច។ អ្នកស្រាវជ្រាវបានឲ្យដឹងថា ក្មេងចាប់ផ្តើមរៀនពីមជ្ឈដ្ឋានជុំវិញតាំងពីនៅក្នុងពោះម្តាយម្ល៉េះ ដូច្នេះហើយបានជាឪពុកម្តាយមានតួនាទីសំខាន់ណាស់ក្នុងការអប់រំកូន។ ជាក់ស្តែងដូចជាការពិសោធន៍ទៅលើគ្រួសារមួយដែលមានទម្លាប់អានសៀវភៅនិងកាសែត កូនៗរបស់ពួកគេចូលចិត្តធ្វើតម្រាប់តាម
ដោយកាន់សៀវភៅយកមកមើលដូចឪពុកម្តាយពួកគេ។នេះដោយសារនៅក្នុងវ័យលូតលាស់ក្មេងមានភាពងឿយឆ្ងល់ច្រើននិងចង់រៀន ចង់ចេះ។
២ កំណត់រយះពេលលេងអាយផេតឬទូរស័ព្ទ
ត្រូវបញ្ជាក់កូនអោយច្បាស់ថាពេលណាគួរលេងនិងពេលណាមិនគួរលេងទូរស័ព្ទ ដូចជាពេលញុំាអាហារជាដើម បើអាចគួរទំលាក់ទូរស័ព្ទចុះទាំងឪពុកម្តាយនិងកូន។ ញុំាអាហារជុំគ្នា ព្យាយាមបង្ហាញក៏ដូចជាបង្កើតបរិយាកាសគ្រួសារកក់ក្តៅនិងរីករាយ។ លោកអ្នកគួរកំណត់រយះពេលលេងទូរស័ព្ទមួយថ្ងៃប៉ុន្មានម៉ោង ប៉ុន្មាននាទី តែពេលខ្លះក្មេងមិនសូវយល់ពីពេលវេលាទេ ដូច្នេះឪពុកម្តាយត្រូវពន្យល់ឲ្យបានច្បាស់ ឧទាហរណ៍ មើលវីដេអូនេះចប់ ឈប់លេង ឬ លេងgame ដល់ level 5 ឈប់លេង។ គួរបញ្ជាក់ផងដែរ ក្មេងមិនងាយឈប់នោះទេ បើគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ឬទាក់ទាញពួកគេដូច iPad ហេតុនេះហើយក្នុងនាមអ្នកជាឪពុកម្តាយ គួរស្វែងយល់ពីចំណង់ចំណូលចិត្តពួកគេ ហើយយកវាមកធ្វើជានុយ។
៣ ជជែកកំសាន្តជាមួយកូន និង ស្ដាប់កូនៗអោយបានច្រើន
នេះគឺជាពេលវេលាដែលអ្នកអាចស្វែងយល់ពីកូនអ្នកឲ្យកាន់តែច្បាស់។ និយាយលេងជាមួយកូនឲ្យបានច្រើន បង្ហាញថាអ្នកតែងតែនៅក្បែរជានិច្ច បង្ហាញក្តីស្រលាញ់ដោយការអង្គុយស្តាប់កូននិយាយពីរឿងរ៉ាវដែលកើតឡើងចំពោះពួកគេទោះបីពេលខ្លះគួរអស់សំណើចឬគ្មានប្រយោជន៍ក៏ដោយ អ្នកត្រូវតែស្តាប់ ព្រោះបើអ្នកមិនស្តាប់ពីពេលនេះ ថ្ងៃមុខមានរឿងអ្វីពួកគេនឹងមិនប្រាប់អ្នកឡើយ។ នៅពេលដែលអ្នកបង្កើតទម្លាប់នេះបាន ក្មេងនឹងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទដោយឯកឯង។
៤ បង្វែរអារម្មណ៍កុមារមកលេងកីឡាឬល្បែងកំសាន្ដ
នាំកូនៗអ្នកចេញក្រៅ លេងកីឡា ឬទៅលេង សួនកំសាន្ត។ ការបង្រៀនក្មេងឲ្យយល់ដឹងពីបរិយាសខាងក្រៅពិតជាល្អណាស់ ក្នុងការវិវត្តន៍បញ្ញានិងស្មារតីរបស់ពួកគេ ។ កុមារអាចមានឪកាសស្វែងរកមិត្ត និងរក្សាទំនាក់ទំនងជាមួយមិត្ត។ មួយវិញទៀត ចូលរួមលេងជាមួយកូនៗ បើកូនចូលចិត្តល្បែងកំសាន្តណាមួយ លើកទឹកចិត្តកូននៅពេលកូនធ្វើបានល្អ អបអរសាទរពួកគេនៅពេលឈ្នះ។ ប្រដាប់ប្រដាក្មេងលេងមានច្រើនបែប ច្រើនមុខណាស់ តែបើអាចសូមជៀសឧបករណ៍សម្រាប់លេងហ្គេមមួយចំនួនដូចជា Nintendo switch, Play station, PSP, Xbox
ជាដើម ព្រោះបើគ្មានការគ្រប់គ្រងបរិមាណលេងឲ្យបានត្រឹមត្រូវទេ ក្មេងនឹងញៀនពិបាកបញ្ឈប់ណាស់។
៥ ជម្រុញកុមារអោយបង្កើតទម្លាប់អានសៀវភៅ
បង្កើតទម្លាប់អាន ដល់កូនអ្នកមិនថានៅផ្ទះ ឬសាលារៀន។ ជ្រើសរើសសៀវភៅនិទានណាល្អៗដើម្បីឲ្យកូនមើលនិងរៀន។ អ្នកដូចគ្នាក៏ត្រូវឧស្សាហ៏អាន មិនថាជាកាសែត ទស្សនាវដ្តី សៀវភៅក៏ដោយ ព្យាយាមបង្រៀនកូនអោយកាន់សៀវភៅ ឲ្យបានច្រើនជាងកាន់ទូរស័ព្ទ។ ការអានសៀវភៅមានសារៈប្រយោជ៍ណាស់ចំពោះកុមារ វាជួយឲ្យការសន្ទនាក្មេងកាន់តែល្អ ជំនួយការគិតពិចារណា ជាពិសេសនោះ ធ្វើឲ្យក្មេងឆាប់ងងុយគេងទៀតផង។
៦ អានរឿងនិទានមុនចូលគេង
ជំនួសការឲ្យទូរស័ព្ទកូនចុចឬមើលមុនចូលគេង ឪពុកម្តាយគួរតែសាកល្បងអានរឿងនិទានខ្លីៗឲ្យកុមារស្តាប់។ ក្មេងពិតជាចូលចិត្តការស្រលាញ់ថ្នាក់ថ្នមពីឪពុកម្តាយណាស់ បរិយាកាសបែបនេះ គ្រែទន់ៗមានផាសុខភាព ក្រោមរង្វង់ដៃឪពុកម្តាយ ហើយថែមទាំងស្តាប់រឿងដែលពួកគេចូលចិត្តទៀតនោះ គ្មានក្មេងណាដែលមិនចង់បានភាពកក់ក្តៅពីឪពុកម្តាយឡើយ។ ការគេងឲ្យបានស្កប់ស្កល់និងទៀងទាត់ពិតជាសំខាន់ណាស់ដល់ការរីកលូតលាស់ទាំងសុខភាពផ្លូវកាយនិងចិត្ត។ យោងតាមការស្រាវជ្រាវបានឲ្យដឹងថាការមើលពីកញ្ចក់អេក្រង់តូចៗនោះអាចជះឥទ្ធិពលដល់ការគេងរបស់កុមារដូចជា ការគេងមិនលក់និងគេងមិនស្ងប់ ដែលបណ្តាលឲ្យក្មេងឆាប់ខឹង ឆាប់យំជាដើម។
៧ ប្រគល់កិច្ចការក្នុងផ្ទះស្រាលៗអោយកុមារជួយ
ជម្រុញកូនអោយជួយធ្វើកិច្ចការផ្ទះណាដែលកូនអាចធ្វើបាន។ បបួលពួកគេមកចូលរួមជាមួយអ្នក ឲ្យពួកគេសាកល្បងបន្តិចម្តងៗ ព្យាយាមផ្តល់ដំបូន្មាន និងបង្ហាញពីភាពវិជ្ជមានក្នុងការធ្វើវា។ ផ្តល់រង្វាន់ នៅពេលពួកគេធ្វើរួចរាល់។ ទោះបីពួកគេធ្វើមិនបានល្អក៏ដោយ កុំស្តីបន្ទោស ត្រូវណែនាំពួកគេទាំងស្នាមញញឹម។ ការធ្វើឲ្យក្មេងរវល់ពីកិច្ចការមួយទៅកិច្ចការមួយនឹងជួយឲ្យក្មេងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ។
ដកស្រង់ពី
https://www.facebook.com/103689125163276/posts/121910756674446/