ក្រុមហ៊ុនវ៉តឆ៍អេមផាយ មានសេចក្តីរំភើបរីករាយ និងមានកិត្តិយសយ៉ាងខ្លាំង ដែលនាយកប្រតិបត្តិរបស់យើង លោកសួង ស៊ីម បានទទួលពានរង្វាន់អន្តរជាតិ Prestige Award 40 Under 40 សម្រាប់ភាពជាអ្នកដឹកនាំឆ្នើម និងវិធីសាស្រ្តប្រកបដោយចក្ខុវិស័យរបស់លោកនៅក្នុងវិស័យនាឡិកាដៃហ្វាសិននៅកម្ពុជា។
ពានរង្វាន់ Prestige Award 40 Under 40 ជាពានរង្វាន់អន្តរជាតិដែលផ្តល់ជូនទៅឲ្យក្រុមហ៊ុន និងសហគ្រិនវ័យក្រោម ៤០ឆ្នាំ ទាំងឡាយដែលបានធ្វើឲ្យអាជីវកម្មរបស់ខ្លួនមានភាពពិសេស និងលេចធ្លោជាងគេទាំងកេរ្តិ័ឈ្មោះ ទីផ្សារ ទំនុកចិត្ត និងការគាំទ្រពីអតិថិជនក្នុងវិស័យនីមួយៗ ដូចជាវិស័យបច្ចេកវិទ្យា រចនាម៉ូត ហ្វាសិនដូចជា សម្លៀកបំពាក់ គ្រឿងអលង្ការ បដិសណ្ឋារកិច្ច និងវិស័យកំសាន្តជាដើម។
ក្រលេកមកវិស័យនាឡិកាដៃហ្វាសិនវិញ ក្រុមហ៊ុនវ៉តឆ៍អេមផាយ ទទួលបានពានមួយនេះដោយសារចំណុចលេចធ្លោចំនួនពីរគឺ «វត្តមានដ៏យូរក្នុងវិស័យនាឡិកាដៃ ជាមួយនិងការពង្រីកសក្តានុពលទីផ្សាររបស់ខ្លួនឥតឈបឈរទាំងការពង្រីកសាខា និងការបង្កើនការនាំចូលម៉ាកនាឡិកាដៃ» ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះមានភាពឈានមុខគេក្នុងវិស័យនាឡិកាដៃហ្វាសិននៅកម្ពុជា ។
ផ្តើមចេញពីប្រវត្តិគ្រួសារអ្នកលក់នាឡិកាដៃក្នុងផ្សារធំថ្មី លោកសួង ស៊ីម មានក្តីស្រលាញ់លើវិស័យនេះតាំងពីតូចក្រូចឆ្មារមក។ លុះមកដល់វ័យ ១៨ឆ្នាំ លោកក៏បានបើកអាជីវកម្មនាឡិកាដៃផ្ទាល់ខ្លួនជាផ្លូវការ ដែលមកដល់បច្ចុប្បន្នក្នុងវ័យ ៣៩ឆ្នាំ លោកមានបទពិសោធន៍ក្នុងវិស័យនេះប្រមាណ ២១ឆ្នាំមកហើយ។
នៅចុងឆ្នាំ ២០១៤ លោកសួង ស៊ីមបានបង្កើតក្រុមហ៊ុនវ៉តឆ៍អេមផាយ នាំចូលនាឡិកាដៃថ្នាក់អន្តរជាតិមកក្នុងប្រទេសកម្ពុជា ដែលមានម៉ាកនាឡិកាដៃ Ice-Watch ដំបូងគេបង្អស់។ សព្វថ្ងៃ ក្រុមហ៊ុនវ៉តឆ៍អេមផាយកំពុងនាំចូល និងដាក់លក់នាឡិកាដៃចំនួន ២១ ម៉ាកក្នុងទីផ្សារ រួមមាន៖ Ice-Watch, Nautica, Furla, Fossil, Armani Exchange, Emporio Armani, Michael Kors, Diesel, Skagen, Tommy Hilfiger, Olivia Burton, Lacoste, Daniel Wellington, Calvin Klein, MVMT, Coach, Boss, Anne Klein, Versus, Versace, និង Salvatore Ferragamo ។
ការវិវត្តខ្លួនពីអាជីវកម្មនាឡិកាដៃបែបគ្រួសារ មកជាក្រុមហ៊ុននាឡិកាដៃស្តង់ដានាំចូលម៉ាកល្បីជាច្រើនៗមកពីអន្តរជាតិមកក្នុងស្រុកនេះហើយ ដែលធ្វើឲ្យលោកទទួលបានពានរង្វាន់ Prestige Award 40 Under 40 នេះ។ បច្ចុប្បន្ន ក្រុមហ៊ុនវ៉តឆ៍អេមផាយបានបន្តរីកលូតលាស់ជាមួយនិងការប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិន័យតាមរយៈការផ្តល់នូវការធានា ទំនុកចិត្ត ទំនួលខុសត្រូវ និងការផ្តល់ជូនសេវាកម្ម និងម៉ាកនាឡិកាដៃល្អៗដល់អតិថិជននៅប្រទេសកម្ពុជា។
ពានរង្វាន់នេះគឺជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនចំពោះភាពល្អឥតខ្ចោះក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ។ ស្របពេលនឹងការអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រុមហ៊ុននឹងនៅតែប្តេជ្ញាចិត្តក្នុងការបន្តផ្តល់ជូនលើសពីតម្លៃ និងទទួលខុសត្រូវលើសពីការរំពឹងទុក ក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មដល់អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជាទាំងមូល។