ចង់អោយប៉ាម៉ាក់ដឹង!! 5 សំណួរដែលអ្នកគួរពិចារណាមុនពេលអនុញ្ញាតអោយកូនប្រើប្រាស់ទូរស័ព្ទ

កាលពីប៉ុន្មានថ្ងៃមុន អ្នកប្រាកដជាបានឃើញអត្ថបទមួយរួចមកហើយ ដែលប្រធានបទនិយាយអំពី " តើកុមារគួរចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទ(ស្មាតហ្វូន)នៅពេលណា?" ថ្ងៃនេះដែរក្រុមការងាររបស់យើងនឹងលើកឡើងពីប្រធានបទថ្មីមួយទៀតដែលពាក់ព័ន្ធនឹងប្រធានបទខាងលើ ហើយនោះគឺជាកម្រងសំណួរសំខាន់ធំៗចំនួន៥ ក្នុងគោលបំណងបកស្រាយក៏ដូចជាបង្ហាញជូនមាតាបិតាគ្រប់រូបដែលមានបំណងចង់អោយកូនខ្លួនមានទូរស័ព្ទប្រើប្រាស់ផ្ទាល់ខ្លួន។ មុននឹងអ្នកសម្រេចចិត្តអោយកូនប្រើប្រាស់ទូរស័ព្ទដៃ សូមសួរខ្លួនឯងទាំង៥សំណួរនេះសិន រួចធ្វើការពិចារណាអោយបានម៉ត់ចត់ថាគួរឬមិនគួរ ហើយក្រោមហេតុផលអ្វី។ 


1.តើកូនអ្នកមានទំនួលខុសត្រូវឬនៅ? 

ការប្រគល់ទូរស័ព្ទអោយកូនប្រើប្រាស់ដោយខ្លួនឯងប្រៀបដូចជាការផ្តល់ឯកសិទិ្ធនិងឯករាជ្យមួយទៅកាន់ក្មេង។ ដូច្នេះមាតាបិតាគប្បីប្រាកដក្នុងចិត្តថា ក្មេងអាចមើលថែរបស់ខ្លួនឯងបាន។ ឧទាហរណ៍បើពួកគេយកទូរស័ព្ទទៅសាលារៀន តើអ្នកនឹងបារម្ភថាទូរស័ព្ទអាចជ្រុះបាត់ពេលណាមួយទេ? ឬច្បាស់ថា ពួកគេនឹងមិនចុចទូរស័ព្ទក្នុងម៉ោងរៀនទេ? តើក្មេងយល់ច្បាស់ពីរបៀបប្រើប្រាស់ទូរស័ព្ទឲ្យបានត្រឹមត្រូវឬនៅ ដូចជាការថតរូប វីដេអូ ផ្ញើសារដោយមិនប៉ះពាល់និងបៀតបៀនសិទិ្ធបុគ្គលណាម្នាក់។

kidsoncellphones_0-N0Lgt9iC0X.jpg


2.តើកូនអ្នកយល់ដឹងពីបញ្ហាសុវតិ្ថភាពឬនៅ? 

ប្រាកដណាស់ថា ទូរស័ព្ទដៃជាពិសេសស្មាតហ្វូនអាចប្រើប្រាស់បានច្រើនយ៉ាងមែនទែន។ ដោយហេតុនេះ ឪពុកម្តាយគួរពន្យល់ក៏ដូចជាណែនាំអោយបានច្បាស់ពីរបៀបប្រើប្រាស់។ តាមការសិក្សាស្រាវជ្រាវរបស់ Pew Research Center បានឲ្យដឹងថាយុវវ័យអាយុចាប់ពី១២ ដល់ ១៧ឆ្នាំ ចំនួន៧៤ ភាគរយដែលចេះប្រើប្រាស់អ៊ីនធើណែតពីទូរស័ព្ទដៃរបស់ពួកគេ ហើយ បើផ្អែកលើការស្រាវជ្រាវរបស់ AAA វិញ យុវវ័យចំនួន៤៦ ភាគរយ ចុចទូរស័ព្ទផ្ញើសារកំឡុងពេលបើកបរ។ ម្យ៉ាងវិញទៀត ឪពុកម្តាយត្រូវជៀសកូនពី ការឈ្លោះគ្នាតាមប្រព័ន្ធអ៊ីធើណែតជាដើម (cyberbullying)។

Family-and-Teen%E2%80%99s-Cyber-Security-Infographic-480x460-8gB8QAzmYM.jpg


3.តើកូនអ្នកស្គាល់ពីការចំណាយទៅលើទូរស័ព្ទទេ?

សេវាកម្មឬគំរោងទូរស័ព្ទមានច្រើនរបៀបទៅតាមលក្ខខណ្ឌ។ គំរោងទូរស័ព្ទខ្លះមានសុពលភាព ១អាទិត្យ ឬ១ខែ លោកអ្នកអាចផ្ញើសារនិងតេចេញក្នុងប្រព័ន្ធដោយមិនកំណត់ ប៉ុន្តែមានគំរោងខ្លះទៀត ប្រើប្រាស់អ៊ីនធើណែតមានកំណត់ ដូច្នេះបើអតិថិជនប្រើលើសនោះក្រុមហ៊ុននឹងកាត់លុយបន្ថែម។ លើសពីនេះទៀត កម្មវិធីទូរស័ព្ទមួយចំនួន ប្រើប្រាស់លុយដើម្បីទិញ និងទស្សនា អាស្រ័យហេតុនេះ អាណាព្យាបាលគ្រប់រូបគួរតែបញ្ជាក់ជាមួយកូនអោយច្បាស់អំពីការចំណាយប្រចាំខែទៅលើទូរស័ព្ទ ហើយកំណត់ថវិកាឲ្យបានត្រឹមត្រូវសម្រាប់កូនអ្នក។

istockphoto-495811854-170667a-dotwJVzTn9.jpg


4.ហេតុអ្វីកូនអ្នកត្រូវការទូរស័ព្ទផ្ទាល់ខ្លួន?

ប្រសិនបើក្មេងចង់បានទូរស័ព្ទដោយគ្រាន់តែមិត្តភក្តិរបស់ពួកគេមានមួយដែរ សូមអ្នកគិតពិចារណាម្តងទៀតមុននឹងសម្រេចចិត្តទិញទូរស័ព្ទអោយកូន។ យោងតាមរបាយការណ៍របស់អ្នកប្រើប្រាស់ទូរស័ព្ទបានលើកឡើងថា ឪពុកម្តាយ ៦ នាក់ក្នុងចំណោម ១០ នាក់ដែលមានកូនអាយុពី ៨ ទៅ ១២ ឆ្នាំបានផ្តល់ទូរស័ព្ទដៃឲ្យកូនប្រើប្រាស់។ ចំណែកឯអាណាព្យាបាលចំនួន ៨៤ ភាគរយមានការបារម្ភពីសុវត្ថិភាពរបស់កូនក្នុងការប្រើប្រាស់ទូរស័ព្ទដៃ។ ស្របគ្នានេះដែរ មាតាបិតា ចំនួន៧៣ ភាគរយទៀតអនុញ្ញាតឲ្យកូនមានទូរស័ព្ទផ្ទាល់ខ្លួនដោយសារពួកគេប្រើវាជាមធ្យោបាយមួយដើម្បីតាមដានសកម្មភាពកូនៗក្រោយពេលចេញពីសាលារៀន។

6d61b480e69fa9ac3bc0f3f42eeb40a8-Gd66ftPc4L.jpg


5.តើអ្នកគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទដៃរបស់កូនដោយរបៀបណា?

មុនអ្នកអនុញ្ញាតអោយកូនមានសិទ្ធិកាន់កាប់ទូរស័ព្ទដៃមួយដោយខ្លួនឯង ឪពុកម្តាយត្រូវតែពិភាក្សាជាមួយកូនជាមុនព្រមទាំងបកស្រាយឲ្យបានច្បាស់អំពីច្បាប់ទំលាប់និងរបៀបប្រើប្រាស់ដូចជា ក្នុងគោលបំណងអ្វី សម្រាប់តែខលចេញចូលទៅកាន់ឪពុកម្តាយ ឬសម្រាប់ទំនាក់ទំនងគ្នាក្នុងសង្គមជារួម តើកូនមានសិទិ្ធផ្ញើសារឆ្លើយឆ្លងទៅកាន់មិត្តភក្តិឬមនុស្សជុំវិញខ្លួនទេ ចុះប្រព័ន្ធអ៊ីធើណែតវិញ តើពួកគេអាចប្រើប្រាស់បានឬទេ? បើបាន រយៈពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? ឪពុកម្តាយត្រូវពន្យល់ពីអានិភ័យក្នុងការប្រើប្រាស់ទូរស័ព្ទដៃខុសលក្ខខណ្ឌ។

junior-ISA-savings-app-iyZLQn5jSi.jpg

យ៉ាងណាដែរលោកប៉ាអ្នកម៉ាក់ បន្ទាប់ពីបានជ្រាបនូវអត្ថបទនេះរួចមកតើប៉ាម៉ាក់អាចសម្រេចចិត្តបានហើយឬនៅថាអោយកូនៗប្រើប្រាស់ទូរស័ព្ទដែរទអត់? 



0

អំពីអ្នកនិពន្ធ

No Image
Ecommerce Executive
Chhann Sopha

I'm Chhann Sopha, 21 years old. I'm an E-commerce Executive of Watch Empire Co., Ltd.