អាចទេ? លើកកំពស់អាជីវកម្មខ្នាតតូចបញ្ឃប់ការតថ្លៃ


សួរតាមត្រង់​ តើអ្នកទាំងអស់គ្នាមានដែលរអៀសចិត្តខ្លះទេ នៅពេលចាយលុយដូចក្រដាសនៅក្នុងផ្សារទំនើប ឬជះលុយដូចទឹកដើម្បីទិញអីវ៉ាន់តាមអនឡាញ តែបែរជាទិញអីវ៉ាន់តថ្លៃពីអ៊ុំៗចាស់ៗលក់ម្ហូបអាហារតិចតួចដើម្បីចិញ្ចឹមជីវិតទៅវិញ? ក្នុងពេលបច្ចុប្បន្ន យើងប្រទះឃើញសកម្មភាពតថ្លៃនេះកើតឡើងជារឿយៗនៅតាមបណ្តាផ្សារទូទៅ ដូចជាការតថ្លៃទិញសម្លៀកបំពាក់ គ្រឿងក្រអូប សម្ភារៈប្រើប្រាស់មួយចំនួន ស្របគ្នានោះដែរការតថ្លៃទៅលើគ្រឿងបរិភោគ បន្លែ សាច់ស្រស់ៗពីប្រជាកសិករដែលលក់ក្នុងបរិមាណតិចតួចប្រចាំថ្ងៃក៏កើតមានជាញឹកញាប់ រួចវាបានក្លាយជាទំលាប់មួយដែលពេលមុនអ្នកទិញអ្វីមួយគឺត្រូវតថ្លៃជានិច្ច មិនថាជាការទិញរបស់ញ៉ាំតិចតួច ដូចជាលាសហាល ដូង អំពៅ គ្រឿងចាប់ហួយ បង្អែម ផ្លែឈើ ដែលជាក់ស្តែងតម្លៃរបស់វាគឺសមល្មមទៅតាមសមត្ថភាពអ្នកអាចទទួលយកបាន។ មនុស្សមួយចំនួនអាចគិតថាគ្រាន់តែតថ្លៃតិចតួចសោះ ចុះតិចទៅ មួយពាន់ពីរពាន់នឹងវាមិនធ្វើឲ្យអ្នកលក់មាននោះទេ ឬមតិខ្លះក៏បានលើកឡើងថា លុយពិបាករកសឹងអី ជួយគ្នាខ្លះទៅ ជីវភាពអត់ដូចតែគ្នា លក់ថ្លៃធ្វើអី ផ្ទុយទៅវិញ មនុស្សមួយចំនួននោះបានចាយលុយដោយគ្មានពាក្យតវ៉ាមួយម៉ាត់ ទៅលើការទិញអីវ៉ាន់តាមម៉ាត​ តាមផ្សារទំនើប ឬហាងធំៗ ដោយប្រកាន់នូវផ្នត់គំនិតមួយថា ទិញនៅតាមផ្សារធំៗគឺតែប៉ុណ្ណឹងឯង តថ្លៃមិនមើលហាង ឬផលិតផលគេម៉េចនឹងកើត គេចំណាយច្រើន គេលក់ថ្លៃចឹងហើយ ហាងគេស្អាត គេលក់សមតម្លៃហើយ​ យើងទិញស្រួលដើរក៏ស្រួល លុយប៉ុនៗនឹងឲ្យគេទៅ។


កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យយើងបង្កើតនូវវប្បធម៌តថ្លៃមួយនេះដោយមិនដឹងខ្លួន ហើយអនុវត្តតៗគ្នា រួចថែមទាំងផ្តាំតកូនចៅគ្នាថា មុនទិញអ្វីត្រូវតថ្លៃគេជាមុនសិន។ សំណួរបកទៅអ្នកវិញ តើការតថ្លៃនេះត្រឹមត្រូវឬទេ? តើការតថ្លៃទាំងអស់សុទ្ធតែខុសមែនទេ? ដូចម្តេចដែលហៅថា ការតថ្លៃដែលត្រឹមត្រូវ និងពេលណាដែលអ្នកគួរអនុវត្តសកម្មភាពមួយនេះ?


១. ស្ថានភាពជាក់ស្តែង

unnamed%20%281%29-rmbBdTfmdY.png

ត្រូវមើលតាមស្ថានភាពជាក់ស្តែងថាតើអ្នកលក់កំពុងលក់អ្វី? តើការលក់នោះអាចទទួលបានប្រាក់ចំណូលខ្ពស់ឬទេ? ចុះអាយុ រូបរាងនិងសតិ?​ ឧទាហរណ៍ថាពូរុញរទេះលក់ដូង យាយរែកលក់នំបញ្ចុក អ៊ីរែកលក់ពងទាកូន មុខរបរទាំងនេះសុទ្ធតែជារបរលំបាក និងហត់ខ្លាំង ដែលតម្រូវឲ្យពួកគាត់ទូលរែក អូសរទេះពីកន្លែងមួយទៅកន្លែងមួយ កណ្តាលថ្ងៃ កណ្តាលភ្លៀង គ្មានទីតាំងច្បាស់លាស់ សូម្បីកន្លែងសម្រាកក៏គ្មាន ធ្ងន់ក៏ធ្ងន់ហើយរកប្រាក់ចំណូលបានតិចទៀត លក់មួយថ្ងៃគ្រាន់ចាយមួយថ្ងៃប៉ុណ្ណោះ។ ចំណែកឯអាជីវករខ្លះទៀត គ្មានកាយសម្បទាគ្រប់គ្រាន់​ វ័យចំណាស់ខ្លាំងដើរស្ទើរមិនរួច កំលាំងនិយាយក៏គ្មាន ដូច្នេះចូរអ្នកគិតម្តងទៀតថា ការតថ្លៃពីអាជីវករខ្នាតតូចទាំងនេះ អ្នកទទួលបានផលប្រយោជន៍អ្វីខ្លះ?


២. សិទ្ធិតថ្លៃ

0e0964d8b25ce50fdfaf3f30607b6dbc--tonle-sap-battambang-e6MhV6MwYC.jpg

អ្នកមានសិទ្ធិតថ្លៃ ប្រសិនបើអ្នកលក់ដាក់លក់របស់នោះក្នុងតម្លៃខ្ពស់ខ្លាំង ដែលអ្នកមិនអាចទទួលយកបាន តែមុននឹងអ្នកតថ្លៃ គួរតែស៊ើបតម្លៃជាមុនសិន អ្នកអាចសាកសួរតម្លៃពីតូបផ្សេងៗដែលមានរបស់ដែលអ្នកចង់បានដើម្បីស្ទាបស្ទង់មើលថារបស់នោះពិតជាសមនឹងតម្លៃមែន តម្លៃពិតប្រាកដចឹងមែន ឬអ្នកលក់កំពុងកោរអ្នក។ ជាក់ស្តែង អ្នកក៏អាចស្វែងយល់ពីពត៌មានខ្លះៗពីផ្សារដែលអ្នកចង់ចូលតាមរយះបងប្អូន គ្រួសារឬមិត្តភក្តិរបស់អ្នកថារបៀបលក់និងទិញនៅផ្សារនោះវាមានលក្ខណះដូចម្តេច តើជាទូទៅអាជីវករលក់តម្លៃគុណនឹង៤​ គុណនឹង៥ នៃប្រាក់ដើមមែនរឺទេ? ឧទាហរណ៍ដូចជាការលក់ខោអាវ ស្បែកជើង កាបូប នៅតាមផ្សារក្នុងស្រុកមួយចំនួន។


៣. ជៀសវាងការតថ្លៃ

5ebc015f23d66574369cada529e7eca6-mrWt1OhwEb.jpg

សូមជៀសវាងការតថ្លៃទៅលើតូបម្ហូបអាហារ ឬស្តង់បន្លែសាច់ស្រស់ៗ ជាពិសេសពីអាជីវករដែលលក់ក្នុងបរិមាណតិច ព្រោះវាមិនបានជួយសម្រាលជីវភាពពួកគាត់ឡើយ។ អ្នកអាចគិតថា មុននឹងក្រោយកុំតែលក់អស់សោះ សល់ទុកចោលអត់បានលុយដដែល ម៉េចមិនលក់ឲ្យអ្នកក្នុងតម្លៃថោកតែម្តងទៅមិនស្រួល ប៉ុន្តែអ្នកមានបានពិចារណាលើកំលាំងញើសឈាម មធ្យោបាយធ្វើដំណើររបស់ពួកគាត់ទេ ដូចជាអ្នកលក់បន្លែ សាច់ធ្វើដំណើរមកពីចម្ងាយចេញពីខេត្តទាំងយប់ ដើម្បីបើកលក់ពេលព្រលឹម ពេលខ្លះគាត់លក់លៃឡុងចោលដើម្បីយកសាហុយជិះទៅផ្ទះវិញតែប៉ុណ្ណោះ។ អ្នកសាកគិតមើល អាហារចម្អែតក្រពះ ដើម្បីសុខភាព ដើម្បីរស់រានមានជីវិត តើអ្នកខ្លាចអស់ប្រាក់ដោយសារតែរឿងនេះ រួចបែរជាចំណាយថវិការច្រើនទៅលើរបស់របរមិនចាំបាច់ទៅវិញមែនទេ?​

 

អាស្រ័យហេតុនេះ សូមអ្នកទាំងអស់គ្នាចូលរួមបញ្ឃប់ការតថ្លៃលើអាជីវកម្មខ្នាតតូច ក៏ដូចជាបង្ការជំលោះនៅតាមទីផ្សារសាធារណះ ដែលនាំឲ្យបង្កភាពចលាចល និងអសន្តិសុខ។ គួររៀនរស់ដោយចេះយោគយល់គ្នា ពីព្រោះមនុស្សម្នាក់ៗសុទ្ធតែមានតម្រូវការរៀងៗខ្លួន យើងក៏ចង់រស់ គេក៏ចង់រស់គ្មានអ្វីដែលអាចផ្លាស់ប្តូរអ្នកឡើយ បើអ្នកមិនផ្លាស់ប្តូរខ្លួនឯង។

0

អំពីអ្នកនិពន្ធ

No Image
Ecommerce Executive
Chhann Sopha

I'm Chhann Sopha, 21 years old. I'm an E-commerce Executive of Watch Empire Co., Ltd.